មាត់ទន្លេ​មុខ AEON កន្លែង​ស្ទូច​ត្រី​ដ៏ពេញ​និយមរបស់​យុវវ័យ​នៅ​ភ្នំពេញ

360

ភ្នំពេញៈ ក្រោមខ្យល់ត្រជាក់ៗបង្កប់ទៅដោយសំណើមដោយសារតែទើបនឹងភ្លៀងរួចនៅល្ងាចម្សិលមិញ នៅមាត់ទន្លេមុខផ្សារទំនើប AEON Mall គេសង្កេតឃើញមានក្រុមយុវវ័យជាច្រើន មានប្រុសមានស្រី កំពុងតែអង្គុយស្ទូចត្រីយ៉ាងស្ងៀមស្ងាត់ ដោយខ្លះស្ទូចបណ្តើរស្តាប់ចម្រៀងតាមកាសទូរស័ព្ទ ហើយខ្លះទៀតមានគូស្នេហ៍នៅស្ទូចជាមួយគ្នាយ៉ាងផ្អែមល្ហែម។

ទីកន្លែងនេះហើយដែលក្រុមយុវវ័យជាច្រើនតែងតែមកស្ទូចត្រីកម្សាន្ត ជាពិសេសអ្នកដែលពុំមានពេលវេលាចេញទៅតាមទីកន្លែងកម្សាន្តនានា។

យុវជន ស៊ីវ ទ្រី អាយុ ២៤ ឆ្នាំ ជាកូនចៅកសិករម្នាក់នៅភ្នំពេញបានឲ្យដឹងថា៖ «ខ្ញុំមកស្ទូចត្រីនៅទីនេះជារឿយៗ បើបងប្រុសខ្ញុំវិញមករាល់ថ្ងៃតែម្តង។ យើងច្រើនមកជុំគ្នា ហើយក្រៅពីបានស្ទូចត្រីកម្សាន្ត យើងបាន ជួបជុំជជែកគ្នាលេង ឬហូបអីជុំគ្នា។ យើងមិនចាំបាច់ទៅណាឆ្ងាយ ឬអស់លុយច្រើនដើម្បីកម្សាន្តសប្បាយនោះឡើយ»។

យុវជននេះបន្តថា នៅខែទឹកឡើងនេះ ត្រីសម្បូរជាងមុន ហើយធំ ដែលបានទាក់ទាញមនុស្សជាច្រើនមកស្ទូច បើថ្ងៃសៅរ៍-អាទិត្យវិញ សឹងតែរកកន្លែងអង្គុយស្ទូចមិនបានតែម្តង។

ស៊ីវ ទ្រី និយាយថា៖ «យើងស្ទូចបានត្រីប្រា ត្រីពោរ ត្រីអណ្តែង តែសម្បូរជាងគេគឺត្រីឆ្ពិន»។

នៅក្បែរនឹងក្រុមអ្នកដែលកំពុងតែស្ទូចត្រីទាំងនោះ គេឃើញមានក្រុមអ្នកលក់គ្រឿងចំណីអាហារជាច្រើន មានប្រហិតចៀន នំបុ័ងសាច់ មាន់អាំង និងភេសជ្ជៈនានាជាដើម ដោយម៉ូយរបស់ពួកគាត់ភាគច្រើនគឺជាអ្នកដែលមកស្ទូចត្រីនេះ។

អ៊ំស្រី សៀង អ៊ី ជាអ្នកលក់នំបុ័ងសាច់់គោអាំងតាមរទេះម្នាក់នៅទីនោះបានប្រាប់ LIFT ថា៖ «រាល់ថ្ងៃលក់ដាច់តែអ្នកមកស្ទូចត្រីហ្នឹងឯង។ មិនសូវឃើញនរណាមកស្ទូច ហើយមិនហូបអីនោះទេ។ ស្ទូចត្រីយូរ ខ្យល់ត្រជាក់ៗទៀត ហូបអីក៏ឆ្ងាញ់ដែរ»។

នៅត្រើយម្ខាងទៀត គឺមាត់ទន្លេកោះពេជ្យ នៅទល់មុខផ្សារ AEON នេះដូចគ្នា គេក៏ឃើញក្រុមយុវវ័យជាច្រើនកំពុងតែស្ទូចត្រីផងដែរ។ កាលពីល្ងាចមិញ គេឃើញមានយុវជនមួយក្រុមយកចង្ក្រានភ្លើងទៅជាមួយ សម្រាប់អាំងត្រីដែលស្ទូចបាន។

សាយ សុភ័ក្រ្ត ជាម្នាក់នៃក្រុមយុវជននេះបាននិយាយថា៖ «ខែនេះយើងស្ទូចបានត្រីច្រើនណាស់ អាចរហូតដល់ ៤-៥ គីឡូឯណោះ។ ការស្ទូចត្រីធ្វើឲ្យយើងមានអារម្មណ៍ល្អ បានស្ងប់ស្ងាត់ពីជីវិតដ៏ស្មុគស្មាញក្នុងក្រុង ហើយពេលដែលយើងបានហូបត្រីអាំងដែលយើងស្ទូចបានមក ដោយផ្ទាល់ដៃ វាពិតជាឆ្ងាញ់មែនទែន ពិសេសគឺបាន ជួបជុំមិត្តភក្តិ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

SHARE