តើអប់រំមនុស្សដូចម្តេចអោយបានល្អ ?

64

នៅក្នុងប្រទេសជាតិមួយការអប់រំមានតួនាទីសំខាន់ជាងគេបង្អស់ ។ ក្មេងចាំបាច់ត្រូវបានទទួលការអប់រំល្អតាំងពីនៅក្មេងដូចពាក្យខ្មែរនិយាយថា ដំដែកទាន់នៅក្តៅ ។លោកហូតុងហូ គរុវិទូខ្មែរដ៏ល្បីល្បាញឥតមានពី ( Pédagogue distingué )បានសរសេរច្បាស់នៅក្នុងទស្សនាវដ្តីគ្រូបង្រៀនថាក្មេងខ្មែរមិនមែនជាសត្វកណ្តុរដែលគេត្រូវយកមកពិសោធន៍ ក្នុងការវះកាត់ទេ ។ ដូចនេះគ្រូចាំបាច់ត្រូវតែមាន ចិត្តសាស្ត្រគរុកោសល្យដ៏ធួនល្មម ។

បើយ៉ាងនេះអ្នកអប់រំ ដូចជាគ្រូបង្រៀននិងមេដឹកនាំនយោបាយត្រូវធ្វើដូចម្តេច ?

នៅក្នុងគ្រួសារខ្មែរឪពុកម្តាយតែងតែអប់រំកូនចៅអោយធ្វើតែអំពើល្អ និងអប់រំកូនមិនអោយចេះជេរបញ្ចោរអ្នកដ៏ទៃ ទោះជាអ្នក នោះខុសក៏ដោយចុះ។សង្គមខ្មែរបានហៅក្មេងចេះជេរបញ្ចោរថាជាក្មេងអត់ពូជ ហើយគេតែងដៀលនិងទម្លាក់កំហុសទៅលើឪពុកម្តាយ ពីបទមិនចេះប្រដៅកូន ។បើមនុស្សនោះជាមនុស្សធំដែលចេះជេរបញ្ចោរវិញ គេអោយឈ្មោះអ្នកនោះថា ជាជនពាល ។ ម្លោះហើយបានជានៅតាមគ្រឹះស្ថានសិក្សាគ្រូបង្រៀន តែងអប់រំសិស្សអោយមានសំដីទន់ភ្លន់ចេះគោរពចាស់ទុំ ។ មិនតែប៉ុណ្ណោះការអប់រំក្រោយ
សម័យអាណានិគមគេមិនប្រើទៅលើទណ្ឌកម្មរាងកាយទេ ។ គរុវិទូបានស្រាវជ្រាវឃើញថា ការជេរបញ្ចោរមិនមែនជាការអប់រំទេ ផ្ទុយទៅវិញគឺជាការដុតកំដៅមនុស្សនោះអោយប្រព្រឹត្តអំពើហង្សាមកលើអ្នកប្រៀនប្រដៅនោះវិញ ។ គរុវិទូក៏បានអប់រំផងដែរមិនអោយគំរាមកំហែងក្មេងអោយខ្លាចដើម្បីកែប្រែមនុស្សនោះទេ ។ ព្រោះទង្វើបែបនេះបានធ្វើអោយខូចបុគ្គលិកលក្ខណះក្មេងដែលកំពុងតែវិវត្តយ៉ាងលឿនមុននឹងទៅដល់វ័យរៀបការ ( Age puberté) ។

ក្រោយសង្គ្រាមលោកលើកទីពីរសហភាពសូវៀតបានបន្សល់សុទ្ធតែក្មេងទំនើង ( Délinquante de la geunesse )។ លោក អង់តុងម៉ាការ៉ិនកូ ( Anton Makarenko ) ដែលជាគរុវិទូដ៏ល្បីល្បាញ របស់សូវៀតបានធ្វើការអប់រំប្រកបដោយប្រសិទ្ធិភាព ដោយកែប្រែក្មេងទាំងនោះអោយក្លាយជាមនុស្ស្លល្អ ក្នុងសង្គម ដូចជាគ្រូបង្រៀនគ្រូពេទ្យ វិស្វករ ។ល។ គាត់បានប្រើវិធីត្រជាក់លួងលោក និងបញ្ជោរក្មេងអោយងាកមករកតែការរៀនសូត្រ និងធ្វើអ្វីដែលល្អ ដោយមិនប្រើការគំរាមកំហែងសំឡុត ឬនិយាយអ្វីមួយអោយក្មេងអាម៉ាស់ ។ ឧទាហរណ៍ ថ្ងៃមួយ ម៉ាការ៉ិនកូ ប្រើក្មេងអោយទៅទារលុយ មនុស្សម្នាក់រួចក្មេងនេះមកវិញ ។ ក្មេងនោះនិយាយទៅកាន់គាត់ថា សូមលោកគ្រូរាប់លុយនេះគាត់ឆ្លើយថា គ្រូមិនរាប់លុយនេះទេ បើគ្រូរាប់មានន័យថាគ្រូមិនទុកចិត្តអែង” ពេលនោះក្មេងរំភើបស្ទើរយំដោយមិនដឹងខ្លួនដើយមិននឹកស្មានថា គាត់និយាយបែបនេះមករកខ្លួន ។

បើយើងមើលមកស្រុកខ្មែរវិញ ទាំងអ្នកនយោបាយទាំងអ្នកលេង បណ្តាញសង្គម សុទ្ធតែជេរបញ្ចោរធ្វើអោយបាត់បង់សេចក្តីថ្លៃថ្នូរ ក្នុងឋានះជាជាតិសាសន៍មួយ ធ្លាប់មានអរ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ។ដូចនេះអ្នកនយោបាយចាំបាច់កុំធ្វើជាគំរូអាក្រក់ដល់អ្នកដ៏ទៃ ដោយយកការជេរបញ្ចោរដើម្បីដោះស្រាយកំហឹង របស់ខ្លួន ឬក៏គំរាមកំហែងសម្លុត ដើម្បីការពារអំនាចរបស់ខ្លួនឡើយ ។ ទង្វើនេះមិនត្រឹមតែធ្វើអោយខ្លួន ធ្លាក់ខ្លួនទាបថោកដូចមនុស្សគ្មានការអប់រំនោះទេ ហើយថែមទាំងក្លាយជាមនុស្សកាកសំណល់សង្គមដែលគ្មានគេរាប់អានសោះឡើយ ។ June 8 2017.

អត្ថបទ៖ ហែន វិភាគ

SHARE