ការលះបង់របស់ម្តាយ

64

ម្តាយរបស់ខ្ញុំមានភ្នែកតែម្ខាងប៉ុណ្ណោះ ប៉ុន្តែគាត់ត្រូវធ្វើការងារពីរដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលដែលខ្ញុំធំឡើង ខ្ញុំស្អប់គាត់ដែលមានភ្នែកតែម្ខាងនេះណាស់។ ខ្ញុំត្រូវបានគាត់ធ្វើឲ្យអាម៉ាស់ ដោយសារតែពេលដែលគាត់ទៅសាលាម្តងៗ មិត្តរបស់ខ្ញុំតែងតែចំអកឲ្យខ្ញុំថាម្តាយខ្ញុំមានភ្នែកតែម្ខាង។

ខ្ញុំបានប្រាថ្នាឲ្យម្តាយខ្ញុំបាត់មុខពីលោកនេះ ដូចនេះខ្ញុំក៏បាននិយាយទៅកាន់ម្តាយខ្ញុំថា “ម៉ែ ហេតុអ្វីបានជាម៉ែមិនមានភ្នែកម្ខាងទៀត? ម៉ែពិតជាធ្វើឲ្យគេសើចចំអកខ្ញុំខ្លាំងណាស់។ ហេតុអ្វីម៉ែមិនស្លាប់ឲ្យបាត់ទៅ?” ម្តាយរបស់ខ្ញុំ មិនបានឆ្លើយតបនោះទេ។ ពេលនោះខ្ញុំគិតថា សម្តីរបស់ខ្ញុំពិតជាអាក្រក់ណាស់ ប៉ុន្តែនៅពេលជាមួយគ្នានោះ ខ្ញុំបែរជាសប្បាយចិត្តដោយបាននិយាយអ្វីដែលខ្ញុំចង់និយាយជាយូរណាស់មកហើយ។ ប្រហែលជាមកពីម្តាយខ្ញុំ មិនដែលស្តីបន្ទោស ឬ ដាក់ទោសខ្ញុំ ប៉ុន្តែខ្ញុំមិនបានគិតថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍របស់គាត់នោះទេ។

នៅយប់នោះ ខ្ញុំបានភ្ញាក់ឡើង ហើយទៅផ្ទះបាយដើម្បីយកទឹកខ្ញុំ។ ម្តាយរបស់ខ្ញុំកំពុងតែយំនៅផ្ទះបាយនោះដោយស្ងៀមស្ងាត់ម្នាក់ឯង ដែលប្រហែលជាគាត់ខ្លាចធ្វើឲ្យខ្ញុំភ្ញាក់។ ខ្ញុំបានសម្លឹងមើលគាត់មួយសន្ទុះ ហើយក៏ដើរត្រលប់ទៅគេងវិញ។ ដោយសារតែសម្តីដែលខ្ញុំបាននិយាយទៅកាន់គាត់មុននឹង វាហាក់បីដូចជាមានអ្វីម្យ៉ាងដក់ជាប់នៅក្នុងជ្រុងនៃបេះដូងរបស់ខ្ញុំអញ្ចឹង។ ទោះជាដូច្នេះក៏ដោយ ខ្ញុំនៅតែស្អប់គាត់ដែលយំចេញពីភ្នែកតែម្ខាងរបស់គាត់។ ខ្ញុំក៏បានប្រាប់ខ្លួនឯងថា ពេលដែលខ្ញុំធំឡើង ខ្ញុំនឹងធ្វើជាបុគ្គលជោគជ័យម្នាក់ ព្រោះខ្ញុំស្អប់ម្តាយរបស់ខ្ញុំដែលមានភ្នែកម្ខាង និងចង់រស់នៅឲ្យផុតពីភាពក្រីក្រនេះ។

ពីពេលនោះមក ខ្ញុំខិតខំរៀនសូត្រខ្លាំងណាស់។ ខ្ញុំបានចាកចេញពីម្តាយ ហើយមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា និងបានចូលសកលវិទ្យាល័យ ជាមួយនឹងជំនឿចិត្តដែលខ្ញុំមាន។ ក្រោយមក ខ្ញុំក៏បានរៀបការ ហើយបានទិញផ្ទះមួយរស់នៅដោយខ្លួនឯង។ ខ្ញុំមានកូន ហើយគ្រួសារខ្ញុំរស់នៅដោយសប្បាយរីករាយ។ ខ្ញុំមិនដែលបាននឹកនាម្តាយខ្ញុំទាល់តែសោះ។

មានថ្ងៃមួយនោះ មានមនុស្សម្នាក់បានមករកខ្ញុំ។ នោះគឺជាម្តាយរបស់ខ្ញុំ ដែលគាត់នៅតែមានភ្នែកម្ខាងដ៏ដែល។ ខ្ញុំមានអារម្មណ៍ថាដូចជាផ្ទៃមេឃទាំងមូលកំពុងតែបាក់ស្រុតចុះមកអញ្ចឹង។ កូនស្រីតូចរបស់ខ្ញុំរត់ចេញទៅឆ្ងាយ ដោយសារតែខ្លាចភ្នែករបស់ម្តាយខ្ញុំ។

ខ្ញុំបានក្លែងធ្វើជាមិនស្គាល់ និងបានសួរគាត់ថា “តើអ្នកជានរណា? ខ្ញុំមិនស្គាល់អ្នកទេ!”។ ខ្ញុំបានស្រែកខ្លាំងៗដាក់គាត់ “ម៉េចបានជាអ្នកឯងហ៊ានមកផ្ទះខ្ញុំ ហើយបំភ័យកូនស្រីរបស់ខ្ញុំយ៉ាងនេះ? ចេញពីទីនេះភ្លាម!!!” ម្តាយរបស់ខ្ញុំក៏បានឆ្លើយតិចៗថា “ឲ្យខ្ញុំសុំទោស ប្រហែលជាខ្ញុំមកខុសអាសយដ្ឋានហើយ។” ក្រោយមក គាត់ក៏ចាកចេញទៅ។ អរគុណព្រះ ដែលគាត់ចំណាំខ្ញុំមិនបាន។ ខ្ញុំមានអារម្មណ៍ដូចជាធូរស្រាលក្នុងខ្លួនបន្តិច។ ខ្ញុំបានប្រាប់ខ្លួនឯងថាកុំឲ្យខ្វល់ ឬ គិតពីរឿងនេះតទៅទៀត។

បន្ទាប់មក រឿងមួយទៀតក៏បានកើតឡើងចំពោះខ្ញុំ។ ថ្ងៃមួយ លិខិតរបស់សាលាទាក់ទងនឹងពិធីជួបជុំសិស្សចាស់ៗរបស់សាលាក៏បានមកដល់ផ្ទះខ្ញុំ។ ខ្ញុំបានកុហកប្រពន្ធខ្ញុំថាខ្ញុំត្រូវធ្វើដំណើរទៅពិភាក្សាពីរឿងការងារ។ បន្ទាប់ពីចូលរួមក្នុងពិធីនោះរួចរាល់ ខ្ញុំក៏បានមកខ្ទមចាស់ដែលជាជម្រករបស់ខ្ញុំកាលពីកុមារភាពដោយចង់ដឹងចង់ឃើញថាទីនោះវាយ៉ាងម៉េចទៅហើយ។ អ្វីដែលខ្ញុំបានឃើញនោះ គឺម្តាយរបស់ខ្ញុំបានដេកដួលនៅនឹងដី ប៉ុន្តែខ្ញុំមិនបានស្រក់ទឹកភ្នែកមួយដំណក់នោះទេ។ គាត់បានកាន់ក្រដាសមួយសន្លឹកនៅក្នុងដៃរបស់គាត់ ដែលនោះគឺជាសំបុត្រសម្រាប់ទុកឲ្យខ្ញុំ។

គាត់បានសរសរថា៖

កូនប្រុសសម្លាញ់មាសម្តាយ!

ម្តាយគិតថា ម្តាយរស់នៅបានយូរគ្រប់គ្រាន់ហើយ ហើយម្តាយនឹងមិនទៅសេអ៊ូលតទៅទៀតទេ ប៉ុន្តែតើវាធ្ងន់ធ្ងរដែរទេ ប្រសិនបើម្តាយចង់ឲ្យកូនមកលេងម្តាយយូរៗម្តង? ម្តាយនឹកកូនខ្លាំងណាស់ ហើយម្តាយក៏រីករាយខ្លាំងណាស់ដែរ នៅពេលដែលលឺថាកូននឹងមកចូលរួមក្នុងពិធីជួបជុំអតីតសិស្សរបស់សាលា។ ប៉ុន្តែដើម្បីកូន ម្តាយបានសម្រេចចិត្តថាមិនទៅសាលានោះទេ។ ម្តាយសុំទោស ដែលមានភ្នែកតែម្ខាង ធ្វើឲ្យកូនខ្មាសគេ។

កូនដឹងអត់? ពេលដែលកូននៅតូច កូនបានជួបនឹងគ្រោះថ្នាក់ ហើយបានបាត់បង់ភ្នែកម្ខាង។ ក្នុងនាមជាម្តាយ ម្តាយមិនអាចទ្រាំមើលកូនធំឡើងជាមួយនឹងភ្នែកតែម្ខាងនោះទេដូចនេះម្តាយក៏បានឲ្យភ្នែករបស់ម្តាយទៅកូន។ ម្តាយមានមោទនភាពខ្លាំងណាស់ដែលកូនប្រុសអាចមើលឃើញពិភពលោកថ្មីជំនួសម្តាយ ដោយកែវភ្នែកម្ខាងនោះ។ ម្តាយមិនដែលតូចចិត្តនឹងកូនទេសម្រាប់អ្វីដែលកូនបានធ្វើ។រាល់ពេលដែលកូនខឹងនឹងម្តាយ ម្តាយតែងតែគិតថា កូនខឹងព្រោះតែកូនស្រឡាញ់ម្តាយពេក។ ម្តាយនឹកដល់ពេលដែលកូននៅតូច ពេលដែលកូននៅជិតម្តាយខ្លាំងណាស់។

ម្តាយនឹកកូនខ្លាំងណាស់។ ម្តាយស្រឡាញ់កូន។ កូនជាពិភពលោករបស់ម្តាយ។

ក្រោយពេលដែលអានសំបុត្រចប់ ពិភពលោករបស់ខ្ញុំហាក់ដូចជាកំពុងរលាយបាត់យ៉ាងដូច្នោះដែរ។ ខ្ញុំបានស្អប់មនុស្សម្នាក់ដែលរស់នៅមួយជីវិតដើម្បីតែខ្ញុំ។ ខ្ញុំយំស្តាយម្តាយខ្ញុំជាខ្លាំង ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីលុបលាងនូវទង្វើអាក្រក់បំផុតដែលខ្ញុំបានធ្វើកាលពីពេលកន្លងមកនោះទេ។

កុំស្អប់នរណាម្នាក់ដោយគ្រាន់តែគេជាជនពិការ។ សូមគោរពឪពុកម្តាយរបស់អ្នក កុំធ្វើមិនដឹងមិនលឺ និងមិនឲ្យតម្លៃនូវការលះបង់របស់ពួកគាត់។ ពួកគាត់ផ្តល់ជីវិតដល់យើង ហើយចិញ្ចឹមយើងឲ្យធំឡើងល្អប្រសើរជាងកាលដែលពួកគាត់នៅពីក្មេងទៅទៀត។ ពួកគាត់តែងតែផ្តល់ឲ្យយើង និងនៅតែបន្តផ្តល់អ្វីដែលល្អៗជាងអ្វីដែលពួកគាត់ធ្លាប់មាន។ ពួកគាត់តែងតែបង្ហាញនូវផ្លូវល្អ និងជាអ្នកជំរុញលើកទឹកចិត្តពួកយើង។ ឪពុកម្តាយលះបង់គ្រប់យ៉ាងដើម្បីកូន អភ័យទោសរាល់កំហុសដែលកូនបានសាង។

គ្មានផ្លូវដែលកូនៗអាចសងគុណពួកគាត់បានអស់នោះទេ។ អ្វីដែលពួកយើងជាកូនៗអាចធ្វើបាន គឺព្យាយាមផ្តល់នូវអ្វីដែលគាត់ត្រូវការឲ្យទាន់ពេលដែលគាត់នៅមានជីវិត។ ស្រឡាញ់ និងគោរពឪពុកម្តាយរបស់អ្នក។

SHARE