​គឹម ហ៊ាង៖ ​​ធ្វើ​ការ​កុំ​ឱ្យ​លើស​ពី​៣​ឆ្នាំ ​គួរ​រកស៊ី​មុខ​របរ​៣​នេះ​វិញ​ទើប​ក្លាយ​ជា​អ្នក​មាន​

ប្រសិនបើធ្វើលើសពី៣ឆ្នាំនោះនឹងចាប់ផ្ដើមលង់នឹងការងារ នៅពេលដែលលង់នឹងការងារហើយ នោះមិនអាចធ្វើអ្វីបានក្រៅពីការងារទេ

334

“ជាអ្នកធ្វើការ ការងារដំបូងដែលចាប់ផ្ដើមធ្វើកុំឱ្យលើសពី ៣ឆ្នាំ ធ្វើបណ្ដើររៀនបណ្ដើរ ពីរបៀបរកស៊ី ធ្វើយូរបំផុតត្រឹម៣ឆ្នាំ។ ប្រសិនបើធ្វើលើសពី៣ឆ្នាំនោះនឹងចាប់ផ្ដើមលង់នឹងការងារ នៅពេលដែលលង់នឹងការងារហើយ នោះមិនអាចធ្វើអ្វីបានក្រៅពីការងារទេ”។ នេះជាការលើកឡើងរបស់លោក គឹម ហ៊ាង ជាប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធី “ស្ថាបនាធនធាន (Wealth Building)” ដែលរៀបចំដោយក្រុមហ៊ុន 360 ads & events ។

speaker3_large

លោក គឹម ហ៊ាង បន្ថែមទៀតថា “ប្រសិនបើអ្នកចាប់ផ្ដើមធ្វើការងារ ជាយោបល់របស់ខ្ញុំ កុំលង់ស្នេហ៍នឹងការងារ ពីព្រោះបើសិនជាអ្នកធ្វើការងារលង់នឹងការងារ អ្នកមិនអាចរីកចម្រើនបានទេ”។ លោកបន្តទៀតថា គ្មានក្រុមហ៊ុនណាហ៊ានឱ្យប្រាក់ខែបុគ្គលិករាប់ពាន់ដុល្លារ ទៅទិញឡាន ទិញផ្ទះនោះទេ។ ដូច្នេះធ្វើការ ដើម្បីចង់មានលុយទិញឡាន ទិញផ្ទះគឺមិនអាច។

ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់ទៀតថា ប្រសិនបើចង់មានគួរធ្វើការត្រឹម ៣ឆ្នាំយ៉ាងយូរបំផុតហើយមករកស៊ីវិញ។ លោកប្រាប់ថា ក្នុងប្រទេសកម្ពុជាមានមុខរបរ៣កំពុងត្រូវប៉ាន់មានដូចជា មុខរបរដីធ្លី (Real Estate) ហិរញ្ញវត្ថុ និងការសាងសង់។ មុខរបររកស៊ីទាំងនេះកំពុងមានតម្រូវការខ្លាំង ទោះក្នុងរយៈពេល ១០ ឬ២០ឆ្នាំទៅមុខទៀតក៏មិនចេះរីងស្ងួត។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីរបៀបនៅក្នុងការរកស៊ីលើមុខរបរទាំង៣នេះនៅឡើយទេ។

action_large

ក្រៅពីមុខរបរ ៣កំពុងត្រូវប៉ាន់ខាងលើ លោកប្រាប់មានមុខរបរដែលកំពុងត្រូវប៉ាន់ដែរនោះ គឺការអប់រំ ម្ហូបអាហារ ភេសជ្ជៈ និងការលំហែកម្សាន្ត។ មុខរបរទាំងនេះសុទ្ធតែមានទីផ្សារមិនចេះរីងស្ងួត។ លោកបញ្ជាក់ថា មុខរបរទាំងនេះសុទ្ធតែអាចក្លាយជាអ្នកមានគួរហ៊ានសាកល្បង ប៉ុន្តែរកស៊ីអ្វីក៏ដោយសូមកុំរកស៊ីមុខរបរណាប៉ះពាល់ដល់សង្គម និងបងប្អូនប្រជាពលរដ្ឋខ្មែរ៕

អត្ថបទ៖ សហការី

SHARE