ផ្នត់គំនិតអ្នកមាន សម្រាប់ភាពជោគជ័យ

232

មនុស្សគ្រប់រូបរមែងតែងតែចង់ក្លាយខ្លួនជាអ្នកមាន ដើម្បីទទួលបានសេរីភាពខាងហិរញ្ញវត្ថុ ដោយពួកគេសុទ្ធតែមានទស្សនខុសៗគ្នាទៅលើវិធីសាស្រ្ត ដើម្បីប្រែក្លាយខ្លួនទៅជាអ្នកមាន ទៅតាមបំណងប្រាថ្នារបស់ពួកគេរៀងៗខ្លួន។ យ៉ាងណាមិញមានមនុស្សមួយចំនួនធំ ដែលមិនបានស្វែងរកវិធីសាស្រ្តដើម្បីប្រែក្លាយខ្លួនអោយទៅជាអ្នកមាន ហើយគិតតែបន្ទោសខ្លួនឯង និងភ័ព្វសំណាងដែលខ្លួនមាន ទើបធ្វើអោយកើតមានផ្នត់គំនិតមួយក្នុងសង្គមថា អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ។ តើអ្នកទាំងអស់គ្នាធ្លាប់បានវាយតំលៃថាតើផ្នត់គំនិតមួយនេះ ត្រឹមត្រូវដល់កំរិតណាទេ? តើឃ្លាមួយនេះត្រូវបានបញ្ចូលទៅក្នុងផ្នត់គំនិតរបស់អ្នកមានដែររឺទេ? ដើម្បីអោយកាន់តែច្បាស់ យើងនឹងលើកយកផ្នត់គំនិតអ្នកមាន មកបង្ហាញអោយអ្នកគ្រប់គ្នាបានដឹងច្បាស់ថា តើផ្នត់គំនិតអ្នកមាន ខុសគ្នាយ៉ាងណាខ្លះពីផ្នត់គំនិតអ្នកក្រ។

ជំនះលើភាពភ័យខ្លាច ហ៊ានធ្វើគ្រប់យ៉ាងដើម្បីភាពជោគជ័យ

ភាពភ័យខ្លាចគឺជាកត្តាចំបងបំផុតចំពោះមនុស្សគ្រប់រូប ដែលធ្វើអោយពួកគេបាត់បង់ឱកាស ក្នុងការចាប់យកក្តីប្រាថ្នារបស់ពួកគេ ហើយនេះក៏ជាមូលហេតុដែលធ្វើអោយអ្នកក្រនៅតែក្រ ដោយសារតែពួកគេមានភាពភ័យខ្លាចច្រើន មិនហ៊ានចាប់យកឱកាសដែលមើលឃើញហើយ មិនហ៊ានប្រឈមមុខនឹងបរាជ័យដែលគង់តែជួប និងមិនហ៊ានបញ្ចេញនូវសមត្ថភាពដែលខ្លួនមាន។ អ្នកមានចេះជំនះរាល់ភាពភ័យខ្លាចនៅក្នុងខ្លួនអោយអស់ នឹងហ៊ានធ្វើអ្វីៗដើម្បីភាពជោគជ័យរបស់ពួកគេ ព្រោះអ្នកមានសុទ្ធតែមានជំនឿជឿជាក់យ៉ាងមុតមាំលើសមត្ថភាពខ្លួន និងហ៊ានធ្វើកិច្ចការលំបាកគ្រប់បែបយ៉ាង ដែលធ្វើអោយជីវិតពួកគេកាន់តែងាយស្រួល ដោយប្រើចំនេះដឹង និងសមត្ថភាពដែលពួកគេមាន។ អ្នកមានហ៊ានប្រឈមមុខនឹងរាល់បញ្ហាដែលកើតមាន ព្រោះគេដឹងច្បាស់ថាមានឧបសគ្គជាច្រើនកំពុងតែរង់ចាំគេដោះស្រាយ ហើយរាល់បញ្ហាដែលពួកគេបានដោះស្រាយនោះ គឺជាប្រាក់ចំនូលរបស់គេ។ អ្នកមានចំនេះដឹងតែមិនហ៊ានបញ្ចេញ ក៏មិនអាចក្លាយជាអ្នកមានបានដែរ ព្រោះអ្នកមានជាមនុស្សពូកែដែលមានទាំងចំនេះដឹង ចេះផ្តោតអារម្មណ៍លើគោលដៅរបស់ពួកគេ និងមានភាពក្លាហានជានិច្ចក្នុងការចាប់យកឱកាស។

កំណត់គោលដៅច្បាស់លាស់ នឹងធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯង

គ្មានអ្នកណាជាអ្នកមកកំណត់ជោគវាសនា និងគោលដៅរបស់អ្នកបានឡើយ គឺអ្នកមានគ្រប់រូបសុទ្ធតែជាម្ចាស់នៃជោគវាសនារបស់ពួកគេ ហើយពួកគេមានគោលដៅច្បាស់លាស់ណាស់ដើម្បីបង្កើត និងសំរេចភាពជោគជ័យរបស់ពួកគេ។ ការកំណត់គោលដៅច្បាស់លាស់ផ្នត់គំនិត គឺមានសារៈសំខាន់ណាស់សំរាប់អ្នកមាន ព្រោះវាជួយអោយពួកគេមានភាពប្រាកដប្រជាថា ចង់បានអ្វីមួយច្បាស់លាស់មិនស្រពិចស្រពិល មានការផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ និងឆាប់សំរេចបានតាមគោលបំណងដែលប៉ងប្រាថ្នា។ មិនត្រឹមតែមានគោលដៅច្បាស់លាស់តែប៉ុន្នោះទេ ពួកគេជឿជាក់លើខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលវេលា និងមានការតាំងចិត្តយ៉ាងមុតមាំថាត្រូវតែធ្វើអោយទាល់តែបាន។ នៅក្នុងវចនានុក្រមរបស់អ្នកមាន គ្មានពាក្យថា បើសិន ប៉ុន្តែ ប្រហែលជា និងបរាជ័យឡើយ ព្រោះពួកគេត្រូវតែធ្វើបានដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់ និងគ្មានឧបសគ្គណាអាចរារាំងបានឡើយ។ ផ្ទុយស្រលះពីអ្នកក្រដែលគ្មានការតាំងចិត្ត តែងតែរួញរា ប្រកែកតវ៉ា មិនចង់ធ្វើ គ្មានគោលដៅច្បាស់លាស់ រង់ចាំតែភ័ព្វសំណាងមកដល់ និងបន្ទោសតែព្រេងវាសនា ទើបធ្វើអោយពួកគេនៅតែក្រ។

រក្សាគំនិតសុទិដ្ឋិនិយម សុបិនអោយធំ និងមានក្តីសង្ឃឹមជានិច្ច

អ្នកមានរមែងមើលឃើញអ្វីគ្រប់យ៉ាងជុំវិញខ្លួនជា ឱកាសមាសដែលអាចចាប់យកបាន ហើយពួកគេតែងតែមានក្តីសង្ឃឹមជានិច្ចចំពោះភាពជោគជ័យ ព្រោះអ្នកមានជឿជាក់លើសមត្ថភាព និងភាពច្នៃប្រឌិតរបស់ខ្លួនឯង អមជាមួយការតាំងចិត្តដ៏មុតមាំ ដើម្បីសំរេចសុបិនដ៏ធំរបស់ពួកគេដែលសុបិនទាំងនោះសុទ្ធតែមានឥទ្ធិពលអាចផ្លាស់ប្តូរវិញ្ញាណរបស់មនុស្សបាន។ អ្នកមានក៏មិនបានបោះបង់ចោលនូវគំនិតរបស់បុគ្គលជោគជ័យដទៃ ដោយជឿជាក់លើខ្លួនឯង ១០០ភាគរយនោះដែរ គឺពួកគេតែងតែសិក្សាពីផ្នត់គំនិត និងទម្លាប់ល្អៗរបស់បុគ្គលជោគជ័យ ព្រមទាំងរក្សានូវគំនិតវិជ្ជមានថា ថ្ងៃណាមួយ ពួកគេអាចធ្វើបានលើសពី អ្វីដែលបុគ្គលិកជោគជ័យទំាងនោះអាចធ្វើបានទៅទៀត។ ចំនែកឯអ្នកក្រវិញ មិនដែលស្ងើចសរសើរពីភាពជោគជ័យរបស់អ្នកដទៃនោះទេ ហើយតែងតែមានគំនិតអវិជ្ជមានជានិច្ច ដូចឧទាហរណ៍ពីគំនិតរបស់អ្នកក្រថា អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ បើទោះបីជាពួកគេខំយ៉ាងណា ក៏នៅតែក្រ ហើយមកពីអ្នកមានទាំងនោះហើយ ទើបធ្វើអោយពួកគេកាន់តែក្រ។

ចេះគ្រប់គ្រងអារម្មណ៍ជាមុន ទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបាន

អ្នកមានតែងតែមានទម្លាប់ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ពោលគឺពួកគេចំនាយលុយទិញទ្រព្យ មិនដូចអ្នកក្រដែលតែងតែចំនាយលុយទិញបំណុល និងទិញការសប្បាយ ដើម្បីបំពេញចំនង់របស់ពួកគេនោះទេ។ អ្នកមានចេះគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អនៅពេលចំនាយ ហ៊ានលះបង់ការសប្បាយរបស់ខ្លួនក្នុងរយៈពេលខ្លី ដើម្បីយកប្រាក់ទៅធ្វើជាទុនសំរាប់ទិញទ្រព្យ ព្រោះទ្រព្យទាំងនោះសុទ្ធតែមានផលចំនេញដែលនេះជា វិធីសាស្រ្តនៃការចាយលុយដើម្បីបង្កើនលុយ ហើយវានឹងក្លាយជាលុយដែលហូរចូលហោប៉ៅរបស់ពួកគេ។ គួរចំនាំផងដែរថា អ្នកទាំងអស់គ្នាមិនសុទ្ធតែត្រូវការលុយដើម្បីរកលុយនោះទេ គឺអ្នកទាំងអស់គ្នាត្រូវការចំនេះដឹងដើម្បីរកលុយ ហើយត្រង់ចំនុចនេះ លោកចង់បង្ហាញថា ប្រសិនបើអ្នកមានចំនេះដឹងនិងសមត្ថភាពគ្រប់គ្រាន់ មានការតស៊ូតាំងចិត្តដ៏មុតមាំ ក្នុងការចាប់យកក្តីសុបិនរបស់អ្នក រឿងដើមទុនជារឿងដែលកើតឡើងតាមក្រោយនោះទេ ពោលគឺវាអាស្រ័យលើបុគ្គលខ្លួនឯងក្នុងការសំរេចភាពជោគជ័យ។

ជាចុងក្រោយ យើង សង្ឃឹមថាអ្នករាល់គ្នាបានយល់ច្បាស់ពី ផ្នត់គំនិតអ្នកមាន និងអាចឆ្លើយតបនូវសំនួរខាងលើ ដែលបានចោទសួរទាក់ទងនឹងគំនិតមួយថា អ្នកមាននៅតែមាន អ្នកក្រនៅតែក្រ។ យើងមិនអាចសន្និដ្ឋានថា គំនិតរបស់បុគ្គលណាម្នាក់ពិតជាត្រឹមត្រូវរហូតនោះទេ តែយើងជឿជាក់ថាផ្នត់គំនិតអ្នកមានទាំង ៤ ចំណុចខាងលើ សុទ្ធតែមានសារៈសំខាន់សំរាប់លោកអ្នកទាំងអស់គ្នាយកទៅពិចារណា ហើយអាចទាញយកអត្ថប្រយោជន៍បានយ៉ាងពិតប្រាកដ៕

SHARE