ដី​ភក់​តាម​តំបន់​ឆ្នេរ​ជា​អាង​ស្តុក​ឧស្ម័ន​កាបូន​ដ៏​ល្អ និង​អាច​ជួយ​ដោះស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ

234
នេះ​ជា​រូប​បង្ហាញ​ពី​របៀប​ដែល​ដី​ភក់​នៅ​តាម​តំបន់​ឆ្នេរ​អាច​ក្លាយ​ជា​អាង​ស្តុក​កាបូន

វ៉ាស៊ីនតោន — នៅពេលគេនិយាយពីបម្រែបម្រួលអាកាសធាតុ គេតែងលើកឡើងពីរបៀបជាច្រើនក្នុងការដោះស្រាយបញ្ហានេះ។

ដំណោះស្រាយមួយដែលមានអាទិភាពនាពេលថ្មីៗនេះ គឺមធ្យោបាយតាមបែប«វិស្វកម្ម» ពោល គឺថាមនុស្សអាច «ដោះស្រាយ» បញ្ហាបានតាមរយៈបច្ចេកវិទ្យា ជាជាងការទម្លាក់កំហុសលើមនុស្សជាតិ និងក្រុមឧស្សាហកម្មដែលបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។

ការគាំទ្របច្ចេកវិទ្យាថាមពលមិនប៉ះពាល់បរិស្ថាន និងការធ្វើឲ្យបច្ចេកវិទ្យាទាំងនោះមានតម្លៃថោក និងសម្បូរដូចគ្នានឹងឥន្ធនៈហ្វូស៊ីលដែរនោះ គឺជាវិធីមួយក្នុងការកំណត់មាគ៌ារបស់យើងតាមបែបវិស្វកម្មដើម្បីគេចផុតពីបញ្ហានេះ។

ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា ការការពារ និងការបង្កើតដីភក់នៅតាមតំបន់ឆ្នេរជាថ្មី ជាវិធីមួយទៀតអាចកំចាត់ឧស្ម័នកាបូនចេញពីបរិយាកាសបាន។

តំបន់ដីភក់ដូចជាអាងផ្ទុកឧស្ម័នកាបូន

ការសិក្សាថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maryland ដោយមានការគាំទ្រពីទីភ្នាក់ងារ NOAA និងបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រ Frontiers in Ecology and the Environment។ គោលបំណងនៃការសិក្សានេះ គឺស្វែងរកតំបន់ដែលផ្ទុកឧស្ម័ន «កាបូនពណ៌ខៀវ» ច្រើនជាងគេនៅក្នុងពិភពលោក។ កាបូនពណ៌ខៀវ គឺជាឧស្ម័នម្យ៉ាងដែលអ្នកវិទ្យាសាស្រ្តហៅថា កាបូនឌីអុកស៊ីត ត្រូវបរិយាកាសស្រូបយក និងមានស្តុកទុកក្នុងមហាសមុទ្រ និងតាមឆ្នេរនានារបស់ពិភពលោក។

VOA បានសម្ភាសន៍ជាមួយនឹងប្រធានក្រុមអ្នកនិពន្ធ គឺលោកស្រី Ariana Sutton-Grier ដែលជាអ្នកជំនាញផ្នែកអេកូឡូស៊ីនៅសាកលវិទ្យាល័យ Maryland អំពីការសិក្សាស្រាវជ្រាវនេះ។ លោកស្រីនិយាយថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗទាំងអស់ គឺថាពិភពធម្មជាតិរបស់យើងបានអនុវត្តវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីទប់ទល់នឹងចំនួនដ៏លើសលប់នៃឧស្ម័នកាបូនរូចជាស្រេច។ លោកស្រីបាននិយាយថា «ដីភក់នៅតាមតំបន់ឆ្នេរជាប្រព័ន្ធអេកូឡូស៊ីដ៏ល្អមួយនៅលើផែនដី ហើយដីភក់ទាំងនេះស្តុកឧស្ម័នកាបូនយ៉ាងច្រើននៅក្រោមដី»។

តើតំបន់ដីភក់ទាំងនោះមានស្តុកឧស្ម័នកាបូនកម្រិតណា? របាយការណ៍នៃការសិក្សានេះ បានបញ្ជាក់ថា «ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ព្រៃកោងកាងនៅសហរដ្ឋអាមេរិកស្រូបយក និងស្តុកឧស្ម័នកាបូនដល់ទៅ៣៤តោនជារៀងរាល់ឆ្នាំ ដែលចំនួននេះស្មើទៅនឹងឧស្ម័នកាបូនដែលបញ្ចេញពីរថយន្តប្រមាណជា២៤លានគ្រឿងក្នុងមួយឆ្នាំ»។

នេះជាចំនួននៅក្នុងតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ចុះចំណែកចំនួនទាំងអស់នៅក្នុងពិភពលោកវិញ? ដោយបូករួមទាំងសហរដ្ឋអាមេរិកផង ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា «នៅក្នុងពិភពលោក ដីភក់នៅតាមតំបន់ឆ្នេរបានស្រូបយក និងស្តុកទុកឧស្ម័នកាបូនច្រើនជាង២០០តោន ជារៀងរាល់ឆ្នាំ»។

នេះជាចំនួនដ៏ច្រើន ហើយលោកស្រី Grier បានទទួលស្គាល់ថា វាមិនទាន់គ្រប់ដើម្បីដោះស្រាយបញ្ហានេះទេ។ លោកស្រីនិយាយថា «ចំនួននេះមិនទាន់គ្រប់គ្រាន់ដែលអាចដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនោះបានទេ។ មិនទាន់មានវិធីសាស្រ្តណាមួយអាចកំចាត់បញ្ហានេះឲ្យអស់នោះទេ។ ការបញ្ចេញឧស្ម័នរបស់មនុស្សមានចំនួនច្រើនជាងការស្រូបយកឧស្ម័នរបស់ធម្មជាតិ ប៉ុន្តែ បើមានបញ្ហាធំដូច្នេះ យើងត្រូវរួមគ្នាស្វែងរកដំណោះស្រាយនានាដើម្បីកាត់បន្ថយ និងទប់ទល់នឹងការបញ្ចេញឧស្ម័ននេះ»។

ដើម្បីឲ្យដឹងថាវាជាបញ្ហាធំកម្រិតណា លោកស្រីបានលើកឡើងថា មានការប៉ាន់ស្មានជាច្រើន ដែលថាមនុស្សជាតិបានបញ្ចេញឧស្ម័នកាបូនប្រមាណជា៣៦ពាន់លានតោនជារៀងរាល់ឆ្នាំទៅក្នុងបរិយាកាស។

ដើម្បីជួយដោះស្រាយបញ្ហានេះ យើងត្រូវការពារ និងប្រហែលជាត្រូវចាប់ផ្តើមស្តារតំបន់ឆ្នេរដែលត្រូវបានបំផ្លិចបំផ្លាញដោយសកម្មភាពនានា និងការកើនឡើងកម្ពស់នីវ៉ូទឹកសមុទ្រ។

ការការពារ និងការបង្កើតដីភក់ជាថ្មី

វាមិនមែនជាការងារស្រួលនោះទេ ហើយវាត្រូវការចំណាយប្រាក់ជាច្រើនដើម្បីការពារ និងបង្កើតដីភក់ជាថ្មី។ យើងគួរតែក្រឡេកមើលច្បាប់ស្តីពីផែនការ ការការពារ និងការស្តារដីភក់តំបន់ឆ្នេរ ឬជាភាសាអង់គ្លេសថា Coastal Wetlands, Planning, Protection and Restoration Act (CWPPRA) ដែលត្រូវបានអនុម័តដោយសភាអាមេរិកកាលពីឆ្នាំ១៩៩០ ធ្វើជាឧទាហរណ៍។ ច្បាប់នេះត្រូវបានអនុម័តអស់រយៈពេល២៦ឆ្នាំមកហើយ ដែលក្នុងនោះ មានគម្រោងជាង២០០ ត្រូវបានអនុវត្តទៅលើដីភក់តំបន់ឆ្នេរជាង៤០០ពាន់ហិចតានៅក្នុងរដ្ឋ Louisiana។ ថវិកាប្រចាំឆ្នាំដែលត្រូវចំណាយ គឺមានចំនួនពី៣០ ទៅ៨០លានដុល្លារក្នុងមួយឆ្នាំ។

វាត្រូវចំណាយប្រាក់ច្រើន ហើយក៏ត្រូវចំណាយពេលច្រើនដែរ ប៉ុន្តែលោកស្រី Grier និយាយថា តម្លៃរបស់វាថ្លៃដូចជាមាសដូច្នោះដែរ។ លោកស្រីបន្តថា «ប្រសិនបើពិភពលោកវិនិយោគលើការស្តារតំបន់ឆ្នេរក្នុងទ្រង់ទ្រាយធំ នោះប្រព័ន្ធស្រូបយកឧស្ម័នកាបូននេះនឹងក្លាយជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ»។

ប៉ុន្តែវាមិនមែនត្រឹមតែជាការស្តារឡើងវិញប៉ុណ្ណោះទេ។ លោកស្រី Grier និយាយថា កាលពី២៥០ឆ្នាំមុន សហរដ្ឋអាមេរិកបានបាត់បង់ដីភក់ជាងពាក់កណ្តាល។ ហើយបើគិតនៅទូទាំងពិភពលោក យើងកំពុងបាត់បង់ដីភក់ប្រមាណពី០,៧% ទៅ៣%ក្នុងមួយឆ្នាំៗ»។

វាមិនត្រឹមតែបង្កឲ្យមានព្យុះ និងទឹកជំនន់នោះទេ ប៉ុន្តែវាក៏ធ្វើឲ្យជាតិកាបូនដែលស្តុកនោះសាយភាយទៅក្នុងបរិយាកាសផងដែរ។ លោកស្រី Grier ហៅថាការណ៍នេះថា ជាស្ថានភាពដែលអាក្រក់បំផុត។ លោកស្រីថ្លែងបន្តថាថា «ការបំផ្លិចបំផ្លាញ ឬការបន្ថយគុណភាពដីភក់ គឺមនុស្សបូមទឹកចេញពីតំបន់នោះ ហើយឧស្ម័នអុកស៊ីសែនដែលមានក្នុងបរិយាកាសស្រាប់នឹងសំយោគជាមួយឧស្ម័នកាបូនដែលហើរចេញពីដីភក់នោះ បង្កើតបានជាឧស្ម័នកាបូនិក ដូច្នេះយើងនឹងបាត់បង់អាងស្តុកកាបូន ហើយអាងធម្មជាតិសម្រាប់ស្តុកទុកកាបូនក្លាយទៅជាការបញ្ចេញឧស្ម័នដែលបង្កឡើងដោយមនុស្ស»។

សំណួរដែលត្រូវចោទសួរ គឺថាតើមិនមានវិធីណាផ្សេងទៀត ដែលមានតម្លៃថោកជាងនេះ ដើម្បីជួយសង្រ្គោះអាងស្តុកទុកកាបូននេះឬទេ ដូចជាព្រៃ Amazon ជាដើម? លោកស្រី Grier ថា មានដំណោះស្រាយច្រើនជាងនេះ ប៉ុន្តែក្រុមអ្នកស្រាវជា្រវ «ជឿថា អាងស្តុកទុកកាបូនអាចជា អាងជីវសាស្រ្តដែលមានប្រសិទ្ធភាពបំផុតសម្រាប់ស្តុកកាបូននៅលើផែនដី»។

ខណៈដែលពិភពលោកព្យាយាមកាត់បន្ថយការសាយភាយឧស្ម័នកាបូនក្នុងបរិយាកាស ការស្តារដីភក់អាចជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតដើម្បីសម្រេចគោលដៅនេះ៕

ប្រភព៖ VOA
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ

SHARE