តើមធ្យោបាយពន្យារកំណើតមួយណាត្រូវនឹងអ្នក?

564

ការពន្យារកំណើតមិនមែនជាភារៈរបស់ស្ត្រីតែម្នាក់ឯងទេ តែជាកាតព្វកិច្ចរបស់ដៃគូស្នេហាទាំងសងខាង បុរស និងស្ត្រី ! ការពន្យារកំណើតគឺជាមូលដ្ឋាននៃសេរីភាព និងសមភាពរវាងស្ត្រីនិងបុរស ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ស្ត្រី ជាអ្នកទទួលខុសត្រូវខ្លាំងជាង ព្រោះបើមានការជ្រុលជ្រួស គឺស្ត្រីជាអ្នកពរពោះ។ មធ្យោបាយពន្យារកំណើតមានច្រើនយ៉ាង ដូចជាលេបថ្នាំ ដាក់កង ឬស្រោមអនាម័យ។ ការលេបថ្នាំ បានទទួលការពេញនិយមច្រើនជាងគេ ក៏ប៉ុន្តែក៏អាចងាយបង្កផលវិបាកដែរ ប្រសិនបើយើងភ្លេច។ ដូច្នេះសួរថាតើត្រូវធ្វើដូចម្តេច ? សូមស្តាប់បទអត្ថាធិប្បាយរបស់ អៀង សុខម៉ិញ ដោយមានអន្តរាគមន៍ពីលោកស្រី វេជ្ជបណ្ឌិត ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនៃក្រសួងសុខាភិបាលកម្ពុជា។

នៅលើពិភពលោកយើង នាពេលបច្ចុប្បន្ននេះ មានស្ត្រីពេញវ័យបង្កកំណើត និងរស់ជាគូប្រមាណ៦៤% ប្រើប្រាស់មធ្យោបាយពន្យារកំណើត។ នៅក្នុងប្រទេសជឿនលឿន ដូចយ៉ាងប្រទេសបារាំង មានស្ត្រី៩នាក់ ក្នុងចំណោម១០នាក់ ប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតបែបទំនើប ប៉ុន្តែនៅមានស្ត្រីយ៉ាងហោចណាស់ ២១៦លាននាក់ នៅលើភពផែនដី មិនអាចទទួលបានការពន្យារកំណើតឡើយ។ នៅអាហ្វ្រិក គេអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការផ្នែកពន្យារកំណើតបានប្រមាណ៦០%ប៉ុណ្ណោះ។ ចំណែកនៅប្រទេសកម្ពុជាវិញ បើតាមលោក ព្រំវិចិត្រ អនុប្រធានគ្រប់គ្រងទិវាពន្យារកំណើត នៅឆ្នាំ២០១៥ មានពលរដ្ឋប្រមាណជាង៥៥%បានទទួល និងប្រើប្រាស់មធ្យោបាយពន្យារកំណើត។

តើមធ្យោបាយពន្យារកំណើតបែបទំនើបមានអ្វីខ្លះ?

ការពន្យារកំណើតមិនមែនជាបន្ទុករបស់ស្ត្រីតែម្នាក់ឯងឡើយ ! ខាងបុរសក៏អាចចូលរួមចំណែកទប់ស្កាត់កំណើតបានដែរ។ ថ្វីបើថ្នាំពន្យារកំណើតសម្រាប់បុរស មិនសូវពេញនិយម ដោយកង្វះព័ត៌មាន នៅមានតម្លៃថ្លៃ មិនទាន់អាចក្លាយជាជម្រើសសម្រាប់ការពារការបង្កបានយ៉ាងទូលំទូលាយ ដូចថ្នាំពន្យារកំណើតរបស់ស្ត្រី ក៏បុរសអាចជួយសម្រេចបំណងបាន តាមរយៈការប្រើស្រោមអនាម័យ។ សូមស្តាប់ប្រសាសន៍របស់លោកស្រី ទុង រដ្ឋាវីជាថ្មី។

ទិវាពន្យារកំណើតពិភពលោក ថ្ងៃទី ២៦កញ្ញានេះ ជាឱកាសមួយសម្រាប់ពិភពលោកក្នុងការជួយដាស់តឿននិងពញ្ញាក់ចំណាប់ស្ត្រីគ្រប់រូប ដែលជាទូទៅមានទំនួលខុសត្រូវធ្ងន់ជាងបុរសក្នុងការពន្យារកំណើត ឱ្យចេះជ្រើសរើសមធ្យោបាយពន្យារកំណើតដែលសក្តិសមបំផុត ជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

មធ្យោបាយពន្យារកំណើតមានច្រើនយ៉ាង មានថ្នាំលេប ថ្នាំចាក់ ដាក់កងក្នុងស្បូន កងនៅដៃ ឬស្រោមអនាម័យ …

ស្រោមអនាម័យ ជាមធ្យោបាយការពារប្រសើរ ការពារមិនឱ្យមានកំណើតកូនផង និងមិនឱ្យឆ្លងជំងឺកាមរោគ ឬជំងឺឆ្លងផ្សេង ដូចជាអេដស៍ផង។ កងដាក់ក្នុងស្បួន មានប្រសិទ្ធិភាពខ្ពស់។ ជាទូទៅគេសង្កេតឃើញមានតែស្ត្រីមានកូនរួច ឬមានវ័យចំណាស់បន្តិច ទើបនឹកឃើញប្រើកងក្នុងស្បូននេះ តែតាមការពិតខុសពីគំនិតចាស់គំរិល សូម្បីតែយុវតី ស្ត្រីនៅក្មេងនៅឡើយក៏អាចប្រើកងក្នុងស្បូនបានដែរ។ ផលប្រយោជន៍សំខាន់មួយទៀតរបស់កងក្នុងស្បូន គឺជាការការពារបានយូរ ដោយមិនខ្វល់គិតរឿងលេបថ្នាំ ឬរកពាក់ស្រោម នៅពេលមានការរួមរក្ស។

il-existe-un-moyen-de-contraception-adapte-a-chacun-et-chacune

ចំពោះថ្នាំគ្រាប់លេប ជារៀងរាល់ថ្ងៃ ឬជារៀងរាល់ខែឬត្រីមាស ជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ពេញនិយមមានអ្នកចូលចិត្តប្រើច្រើនជាពិសេសស្ត្រីក្មេងៗ មានតម្លៃថោក ព្រមទាំងស្រួលប្រើមែន ប៉ុន្តែគុណវិបត្តិ គឺការងាយភ្លេច។

អត្ថបទទាក់ទង៖ គេងមិនគ្រប់គ្រាន់នាំឱ្យខូចសុខភាព

សម្រាប់ក្រុមគ្រូពេទ្យ និងអ្នកឯកទេស ប្រសិទ្ធិភាពនៃការពន្យារកំណើត ដោយលេបថ្នាំ មិនមែនជាចំណោទឡើយ។ គ្រូពេទ្យសង្គមសាស្ត្រសង្កេតឃើញថា មានស្ត្រីម្នាក់ក្នុងចំណោម៥នាក់ បានភ្លេចលេបថ្នាំយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ អត្រានៃការភ្លេចមានកាន់តែខ្ពស់ ចំពោះស្ត្រីវ័យក្មេង អាយុពី១៥ឆ្នាំទៅ ២៥ឆ្នាំ ជាពិសេសយុវតីដែលទើបផ្តើមជីវិតផ្លូវភេទដំបូង។ វ័យក្មេងដែលមិនទាន់មានទម្លាប់នឹងគ្រប់គ្រងជីវិតគូឱ្យបានល្អ តែពេលវេលាដ៏គ្រោះថ្នាក់បំផុត ព្រោះក្នុងវ័យនេះ ស្ត្រីកំពុងពេញវ័យបង្កកំណើត។ ដូច្នេះប្រសិនបើលោកអ្នកជ្រើសរើសមធ្យោបាយនេះ លោកអ្នកនាងគួរតែមានថ្នាំពន្យារកំណើតសង្គ្រោះម្ខាងទៀត នៅជាប់ខ្លួន ដើម្បីលេបភ្លាមនៅថ្ងៃ បន្ទាប់ក្រោយពីបានឆ្លងកាត់ការរួមរក្ស ដោយគ្មានការការពារ។ ប៉ុន្តែសូមបញ្ជាក់ថា ថ្នាំនេះមានប្រសិទ្ធិភាព បង្អាក់ការបង្កកំណើត ក្នុងរយៈពេលពីរបីថ្ងៃដំបូងប៉ុណ្ណោះ មិនមែនជាការការពារមិនឱ្យមានការបង្កកំណើតរយៈពេលយូរឡើយ៕

ប្រភព៖ វិទ្យុបារាំង RFI
ដោយ៖ អៀង សុខម៉ិញ

SHARE