Maslow៖ បង្កើតក្តីសុបិនតូចជាងសមត្ថភាពខ្លួនឯង គឺមានវិប្បដិសារីពេញមួយជីវិត

262

ទោះបីជាមានឪពុកមិនដែលចេះអើពើ និង ម្តាយក៏កំណាចឃោរឃៅ វាមិនបានជម្រុញឲ្យ Abraham Maslow ក្លាយជាមនុស្សទុទ្ទិដ្ឋិនិយមទៅតាមឪពុកម្តាយគាត់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាបង្រៀន Maslow ឲ្យមានចិត្តមេត្តាករុណា ចេះសន្តោស ប្រោសប្រណី និងចាប់ផ្តើមស្រលាញ់ការសិក្សាពីផ្នែកវិជ្ជមាននៃអត្តចរិតរបស់មនុស្សទៅវិញ។ ក្រោយមកលោក Maslow បានក្លាយជាអ្នកចិត្តវិទ្យារបស់សហរដ្ឋអាមេរិកម្នាក់ ដែលភាពល្បីល្បាញរបស់គាត់ត្រូវបានគេស្គាល់តាមរយៈទ្រឹស្តី Maslow’s Need Hierarchy ហើយនៅខណៈនេះ យើងនឹងលើកយកគំនិតល្អៗរបស់លោក Maslow មកចែករំលែកដូចខាងក្រោម៖

១. បើមានញញួរនៅក្នុងដៃ គ្រប់បញ្ហា គឺជាដែកគោល៖ លោកអ្នកត្រូវដឹងអោយច្បាស់ថាគ្រប់បញ្ហាសុទ្ធតែអាចដោះស្រាយបាន តែអ្វីដែលសំខាន់ គឺលោកអ្នកត្រូវចេះប្រើញញួរក្នុងដៃ នោះគឺចំណេះដឹង សមត្ថភាព ទំនុកចិត្ត ភាពជឿជាក់ ការតស៊ូខិតខំប្រឹងប្រែង និងការជំនះលើភាពភ័យខ្លាចទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងឡាយដោយមិនរួញរា។ ពោល គឺចាត់ទុកថា សម្ថតភាពរបស់យើងជាញញួរ ហើយបញ្ហាជាដែកគោល។

២. បង្កើតក្តីសុបិនតូចជាងសមត្ថភាពខ្លួនឯង គឺមានវិប្បដិសារីពេញមួយជីវិត៖ ប្រាកដណាស់ដែលលោកអ្នកត្រូវស្តាយក្រោយ និង មិនសប្បាយចិត្ត ព្រោះលោកអ្នកនឹងខាតបង់ដែលមិនបានបញ្ចេញឲ្យអស់នូវសមត្ថភាពដែលលោកអ្នកមាន ពោលគឺលោកអ្នកមិនបានបង្កើតមហិច្ឆតាឲ្យធំ និងមិនបានប្រើប្រាស់ឲ្យអស់នូវសក្តានុពលដែលខ្លួនមាន។

៣. បើធ្លាក់ពីលើយន្តហោះ ចូលសមុទ្រចម្ងាយ ១០០គីឡូម៉ែត្រពីច្រាំង ក៏ខ្ញុំនៅតែហែល៖ បើទោះបីជាមើលទៅវាហាក់ដូចជាគ្មានសង្ឃឹម និងគង់តែត្រូវបោះបង់ចោលនៅពេលក្រោយយ៉ាងណាក្តី ក៏លោកអ្នកមិនត្រូវបោះបង់ដែរ។ អ្វីដែលលោកអ្នកត្រូវធ្វើនៅពេលនេះ គឺត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព អស់ពីកំលាំងកាយចិត្ត ព្រោះបើលោកអ្នកមិនបោះបង់ចោលនោះទេ លោកអ្នកក៏មិនទាន់បរាជ័យដែរ។

៤. ឈានទៅមុខដើម្បីលូតលាស់ ឬឈានថយក្រោយដើម្បីសុវត្ថិភាព៖ វាជាជម្រើសរបស់លោកអ្នកក្នុងការបោះជំហានទៅមុខ ឫថយក្រោយ តែសម្រាប់បុគ្គលដែលជោគជ័យបំផុត គឺតែងតែបោះជំហានទៅមុខជានិច្ច ព្រោះពួកគេត្រូវការជំនះរាល់ភាពភ័យខ្លាច ត្រូវប្រឈមមុខនឹងឧបសគ្គ ដើម្បីអភិវឌ្ឍខ្លួនឯងអោយលូតលាស់ទៅមុខជានិច្ច៕

SHARE